Monday, September 3, 2012

បុណ្យវិសាខបូជា



បុណ្យវិសាខបូជា
ការធ្វើវិសាខបូជានេះ​ ដើម្បីរំលឹកដល់កាលដែលព្រះអង្គទ្រង់ប្រសូតិ, និង ទ្រង់ត្រាសដឹងនូវសព្វញ្ញូពុទ្ធ ព្រមទាំង​ចូលបរិនិព្វាន។
ការធ្វើវិសាខបូជា សំដៅចំពោះនក្ខត្តសម័យទាំង៣កាលនេះឯង។ ព្រះអង្គទ្រង់ប្រសូតិនៅថ្ងៃសុក្រ ពេញបូ​ណ៌មី ខែវិសាខឆ្នាំច, វេលាជិតថ្ងៃត្រង់។ ត្រាស់ដឹងនៅថ្ងៃពុធ​ពេញបូណ៌មីខែវិសាខ ឆ្នាំរកា វេលាជិតភ្លឺ ក្នុងព្រះជន្ម​៣៥ឆ្នាំ។ ព្រះបរិនិព្វានក្នុងថ្ងៃអង្គារ ពេញបូរណ៌មីខែវិសាខ ឆ្នាំម្សាញ់ វេលាបែកបច្ចុសម័យមុនព.ស ១ឆ្នាំ ព្រះជន្មា​យុ ៨០ ឆ្នាំ។
រៀងរាល់ឆ្នាំ ពុទ្ធសាសនិកជនពិភពលោក ជាពិសេសពុទ្ធសាសនិកជនខ្មែរតែងតែធ្វើពិធីបុណ្យមួយហៅថា​”បុណ្យវិសាខបូជា “។ បុណ្យនេះធ្វើឡើងដើម្បីរំលឹកនូវបុព្វហេតុ៣ប្រការដែលកើតឡើងក្នុងសម័យពុទ្ធកាលគឺ
១. ព្រះពោធិសត្វ ព្រះអង្គទ្រង់ប្រសូតិនៅថ្ងៃសុក្រ ពេញបូ​ណ៌មី ខែវិសាខឆ្នាំច, វេលាជិតថ្ងៃត្រង់។
២. ត្រាស់ដឹងនៅថ្ងៃពុធ​​ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា វេលាជិតភ្លឺ ក្នុងព្រះជន្ម​៣៥ឆ្នាំ។
៣. ព្រះបរិនិព្វានក្នុងថ្ងៃអង្គារ ពេញបូរណ៌មីខែវិសាខ ឆ្នាំម្សាញ់ វេលាបែកបច្ចុសម័យមុនព.ស ១ឆ្នាំ ព្រះជន្មា​យុ ៨០ ឆ្នាំ។
បុព្វហេតុទាំងបីនេះកើតឡើង នៅថ្ងៃទី១៥ ខែពិសាខដូចគ្នា។ បុណ្យនេះគេចាត់ទុក ជាបុណ្យសំខាន់ជាង​គេក្នុងព្រះពុទ្ធសាសនា។ ពាក្យថាពិសាខបូជា កាត់ជាពីរបទ គឺពិសាខមួយបទ និង​ បូជា​មួយបទ។ ពាក្យថា​វិសាខ គឺជាឈ្មោះខែមួយក្នុងចន្ទគតិ គឺខែពិសាខ​​ ឯពាក្យថាបូជា ប្រែថាការថ្វាយ ការប្រគេន ការជូន តាមពាក្យខ្ពស់ទាប បើនិយាយអំពីការថ្វាយឬប្រគេនវត្ថុផ្សេងៗ។ បូជាម្យ៉ាងទៀត ប្រែថាកាប្រតិបត្តិតាម។ រួមពាក្យទាំងពីរបទ ពិសាខ​បូជាប្រែថាការបូជាក្នុងខែពិសាខ គឺជាបុណ្យរំលឹកដល់បព្វហេតុបីប្រការក្នុងសម័យពុទ្ធកាល ក្នុងខែពិសាខដូច​ពោលមកហើយ។
ព្រះពុទ្ធនាមដើម សិទ្ធត្ថៈ គោត្តនាម គោត្តម ព្រះមាតាព្រះនាមសិរីមហា​មាយា​ព្រះបិតាព្រះនាម ព្រះបាទ សុទ្ធោទន ជាស្តេចសោយរាជ្យនៅនគរកបុលពស្តុ ប្រទេសឥណ្ឌា។ ព្រះជន្ម១៦ ព្រះវស្សា​ ព្រះអង្គរៀបអភិសេកជា មួយព្រះនាងពិម្ពា មានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមរាហុល។ ព្រះជន្ម២៩ ព្រះវស្សា ព្រះអង្គចេញទៅបួស ស្វេងរកការត្រាសត្រាសដឹង ដើម្បីរំដោះទុក្ខមនុស្សសត្វទាំងពួង។ ដំបូងព្រះអង្គ​បានសិក្សាពិសោធន៍ ជាមួយ នឹង គ្រួប្រដៅសាសនា ដ៏ល្បីឈ្មោះនាសម័យនោះ គឺគ្រូឈ្មោះអាឡារតាបស និង​ឧទក​តា​បសតែពុំបានសម្រេច ទើប​លា​អាចរ្យ​ទាំងពីរនោះ រកវិធីប្រតិបត្តិដោយខ្លួនព្រះអង្គឯងវិញ។ ព្រះអង្គធ្វើទុក្ខរកិយា គឺគារព្យាយាម ធ្វើបាបកាយ​អស់​៦ឆ្នាំ មានការបន្ថយចង្ហាន់ជាដើម តែវិធីនេះនៅតែពុំបានសំរេចទៀត ទើបឆាន់​ចង្ហានតាមធម្មតាវិញ។ ទីបំផុត​នៃ​ការ​ពិសោធន៍ ព្រះអង្គរកឃើញផ្លួវត្រាសដឹង គឺមគ្គប្រកប់ដោយអង្គ៨ប្រការ ហើយដោយការប្រតិបត្តិ តាម​មាគ៌ា​នោះ ទើបធ្វើឲ្យព្រះអង្គឃើញអរិយសច្ច៤ បានត្រាស់ជាព្រះពុទ្ធនៅក្រោមដើម​ពោធិព្រឹក្ស សព្វថ្ងៃកន្លែងនោះ​ហៅថា ពោធគយានៃប្រទេសឥណ្ឌា ក្នុងព្រះជន្ម៣៥ព្រះវស្សា។ បន្ទាប់មក ព្រះអង្គ​សំដែងធម្មទេសនាប្រោសសត្វអស់​រយៈ​វេលា៤៥ឆ្នាំ។ លុះដល់ព្រះជន្ម៨០វស្សា ព្រះអង្គរំលត់ខន្ធបរិនិព្វាន បានទុកធម្ម​វិន័យដែល ព្រះអង្គសំដែង​សំរាប់​មនុស្ស​សត្វប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ។
ក្នុងយប់ថ្ងៃបុណ្យពិសាខបូជា ពុទ្ធបរិសទខ្មែរបានទៅវត្តនមស្សការព្រះរតនត្រ័យសមាទានសីល​ប្រកាសពិ​សាខបូជា វេរគ្រឿងសក្ការៈ ស្តាប់ព្រះសង្ឃចំរើនព្រះបរិត្ត និង ទេសនា។ លុះព្រឹកឡើងមានពិធីរាប់បាត្រ និងវេរ​ចង្ហាន់ប្រគេនព្រះសង្ឃ។ ក្នុងឳកាសបុណ្យពិសាខបូជានេះ រាជរដ្ឋាភិបាលខ្មែរបានអនុញ្ញាតឲ្យមន្ត្រីរដ្ឋការឈប់ធ្វើ​ការ ដើម្បីបំពេញបុណ្យកុសលនេះ ដែលចាត់ទុកជាបុណ្យជាតិស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ជិតបរិនិព្វាន ព្រះអង្គបានត្រាស់ជាចុងក្រោយថា សង្ខារទាំងឡាយមានការ​អស់ទៅ សូន្យជាធម្មតា ចូរអ្នករាល់គ្នាខំប្រតិបត្តិដ៏សមរម្យដោយធម៌ ដោយសេចក្តីមិនប្រមាទចុះ។ នៅពេលនោះ ភិក្ខុទាំងឡាយដែលកំពុងគង់នៅព្រះបរមគ្រូ​ លុះបានជ្រាបថាព្រះអង្គនឹងចូលនិព្វានក៏សំដែងនៅការក្រៀមក្រំសោក​ស្តាយចំពោះព្រះអង្គ ចំណែកព្រះអរហន្តជាព្រះខីណាស្រពកើតក្តីសង្វេគចំពោះសង្ខារ ចំពោះសព្វសត្វ ដោយគិត​ថា សូម្បីតែព្រះពុទ្ធជាបុគ្គលឈ្នះមារ ក៏ព្រះអង្គរលត់ខន្ធបរិនិព្វានដែរ។ ប្លែកតែភិក្ខុមួយអង្គ គេចខ្លួនពីទីនេះទៅចំ​រើនធម៌តែម្នាក់ឯង ធ្វើឲ្យភិក្ខុទាំងឡាយលើកទោសថា ភិក្ខុអង្គនេះពុំគោរពព្រះពុទ្ធជាម្ចាស់ទេ។ ដើម្បីកំចាត់បង់​សេចក្តីសង្ស័យ ព្រះពុទ្ធឲ្យហៅភិក្ខុនោះមកសាក់សួរ ភិក្ខុនោះឆ្លើយថា ខ្ញុំព្រះអង្គគេចទៅស្វេងរកធម៌ឲ្យបានសម្រេច​មគ្គផលមុនព្រះអង្គចូលនិព្វាន។​ ព្រះពុទ្ធបានប្រទានពរសព្ទសាធុកាប្រពៃហើយ ម្នាលភិក្ខុទាំងឡាយបើជនណា​មួយ​គោរពរាប់អានតថាគត ចូរធ្វើតាមភិក្ខុអង្គនេះ ដោយប្រតិបត្តិតាមសីល សមាធិ បញ្ញា រហូតសំរេចមគ្គផល​និព្វាន ឈ្មោះថាបូជាតថាគតដោយប្រតិបត្តិបូជា ជាបូជាដ៏ឧត្តមប្រសើរជាងសក្ការបូជាដោយផ្កា ទៀន ធូប ជាដើម​ទៅ​ទៀត។
ដោយហេតុគោលការណ៍របស់ព្រះអង្គនេះហើយ ធ្វើឲ្យបរិសទ្យនៅសាកលលោកដែលខ្លួនបានថ្វាយខ្លួន​មកកាន់គោរពព្រះពុទ្ធសាសនា ក៏បានធ្វើកម្មវិធីពិសាខបូជារំលឹកគុណព្រះពុទ្ធជារឿងរាល់ឆ្នាំ ហើយក៏ជាថ្ងៃចូលឆ្នាំ​ថ្មីរបស់ពុទ្ធសករាជ(ព.ស)។ បុណ្យថ្ងៃវិសាខបូជា ជាថ្ងៃមួយដែលនាំមកនៅសន្តិភាពក្នុងសង្គមជាតិ និងសង្គមគ្រូ​សារទាំងមូល។ មាននៅភ្នំព្រះរាជទ្រព្យ(ភ្នំឧតុង្គ) ពុទ្ធសរិសទ្ធខ្មែរយើងបាននាំគ្នាទៅនមស្សការរំលឹកគុណទាំង៣ របស់ព្រះ​អង្គ ដោយសទ្ធាជឿជាក់។ ហើយបរិសទ្យនោះមិនឆ្ពោះថាអ្នករស់នៅទីនោះទេ ខេត្តនានាក៏បានមកចូលរួម​ផងដែរ។

No comments:

Post a Comment